ប្រភេទអាហារសុខភាព

ចង់បានសុខភាពល្អ មានដឹងអត់ថា បន្លែធម្មជាតិ និង បន្លែសរីរាង្គខុសគ្នាត្រង់ណា?

មិនថាអ្នកដាំ ឬអ្នកលក់នៅតែមានការយល់ច្រឡំ ឬ​រហូតមានការភាន់បន្លំ អំពីភាពខុសគ្នា និងមិនទាន់អាចបែងចែករវាង  បន្លែធម្មជាតិ និង បន្លែសរីរាង្គ។

ថ្ងៃនេះ ម៉ុណុ នឹងបកស្រាយឲ្យបងប្អូនទាំងអស់គ្នាបានយល់ច្បាស់ពីភាពខុសគ្នានេះ ដើម្បីសុវត្ថិភាពក្នុងការជ្រើសរើសបន្លែដែលត្រឹមត្រូវ សម្រាប់ការបរិភោគ។

បន្លែធម្មជាតិ គឺជាបន្លែទាំងឡាយណាដែលដុះលូតលាស់ដោយឯកឯង ពុំមានការដាំដុះ និងថែទាំ ស្រោចទឹកដាក់ជីដោយមនុស្សទេ បន្លែទាំងនោះភាគច្រើនជាអនុផលព្រៃឈើ ឬមានដុះនៅតាមរបងចំការ ឬរបងផ្ទះ និងនៅតាមភ្លឺស្រែ ជាដើម។

ឧទាហរណ៍ ស្លឹកថ្នឹង ដើមក្រវ៉ាញ ស្លឹកស្ដៅ ផ្លែក្រសាំង ស្លឹកព្រិច ត្រួយរាំង…

ឯបន្លែសរីរាង្គ គឺជាបន្លែទាំងឡាយណាដែលដាំដុះ និងថែទាំដោយពុំមានប្រើប្រាស់ជីគីមី (ជីអសរីរាង្គ) និងថ្នាំពុលគីមីឡើយ ដោយជំនួសមកវិញនូវការប្រើប្រាស់ជីកំប៉ុស្ត (ជីសរីរាង្គ) និងថ្នាំកំចាត់សត្វល្អិតផ្សំពីរុក្ខជាតិ ឬថ្នាំកំចាត់សត្វល្អិត ឬជំងឺ បាក់តេរី ទាំងឡាយណាដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់ក្នុងស្តង់ដារសរីរាង្គ។

ឧទាហរណ៍ សាលាដ ស្ពៃ ត្រសក់ សរីរាង្គ…

បន្លែសរីរាង្គដាំដុះដោយប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​ដូចជារុក្ខជាតិ​បៃតង លាមក​សត្វ កាក​សំណល់​ពី​កសិដ្ឋាន និង​រុក្ខជាតិ​ឱសថ។ បន្លែសរីរាង្គជាបន្លែ កម្រជាងគេ បន្លែប្រភេទនេះមានលក់តិចតួច នៅលើទីផ្សារ ហើយវាមានតម្លៃថ្លៃ។ ការដាំដុះបន្លែសរីរាង្គគឺមិនអនុញ្ញាតឱ្យប្រើសារធាតុគីមី អ័រម៉ូនឬសារធាតុគីមីសំយោគផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពមនុស្ស សត្វ និងបរិស្ថាននោះទេ។

លោកអ្នកអាចរកទិញបន្លែធម្មជាតិ និងបន្លែសរីរាង្គគ្រប់ប្រភេទពីកសិករខ្មែររបស់យើងនៅលើគេហទំព័រ ឬកម្មវិធីទូរស័ព្ទដៃម៉ុណុ អុិចស្ព្រេស។

ប្រភេទអាហារសុខភាព

តិចអត់ដែលដឹង? ការពិតប្លែកៗទាក់ទងនឹងអាហារដែលយើងទទួលទាន

សព្វថ្ងៃនេះមានអាហារប្លែកៗជាច្រើនដែលយើងតែងតែទទួលទាន ដោយអាហារមួយចំនួនយើងទទួលទានជារៀងរាល់ថ្ងៃប៉ុន្តែមិនបានចាប់អារម្មណ៍នោះទេថាវាមានការពិតប្លែកៗដ៏គួអោយចាប់អារម្មណ៍យ៉ាងណាខ្លះ?

  • បេះដូងរបស់បង្គាមានទីតាំងនៅក្បាលរបស់វា។
  • បេះដូងបង្គាមានទីតាំងនៅខាងក្រោមក្បាល ផ្នែកកររបស់វា។ បង្គាមានប្រព័ន្ធឈាមរត់បើកចំហ ដែលមានន័យថាពួកគេមិនមានសរសៃឈាមនោះទេ ហើយសរីរាង្គរបស់វាអណ្តែតក្នុងឈាមដោយផ្ទាល់។
  • ប្រូខូលីមានប្រូតេអ៊ីនច្រើនជាងសាច់គោអាំងទៅទៀត
  • ក្រៅពីអាហាររូបត្ថម្ភទូទៅ ដែលមនុស្សម្នាក់ទទួលបានពីការបរិភោគបន្លែបៃតងរបស់ពួកគេ ប្រូខូលីមានប្រូតេអ៊ីនយ៉ាងច្រើនដែលអ្នកប្រហែលមិនជឿ។ ប្រូខូលីមានប្រូតេអុីនច្រើនជាជាងសាច់អាំង ហើយវាមិនផ្ទុកជាមួយនឹងអាស៊ីតខ្លាញ់មិនឆ្អែត ឬកូលេស្តេរ៉ុលនោះទេ ដូច្នេះអ្នកអាចទទួលបានប្រូតេអ៊ីនទាំងអស់ដែលអ្នកត្រូវការជាមួយនឹង ហានិភ័យទាបនៃជំងឺសរសៃឈាមបេះដូង។
  • ផ្លែប៉ោមផ្តល់ឱ្យអ្នកនូវថាមពលច្រើនជាងកាហ្វេ
  • អ្នកស្នេហារកាហ្វេប្រហែលជាមិនចង់ជឿនោះទេតែវាជាការពិត។ ប្រសិនបើអ្នកធ្លាប់មានអស់កម្លាំងនៅពេលរសៀល សូមពិចារណាញ៉ាំផ្លែប៉ោមជាជាងការទិញកាហ្វេ។ ផ្លែប៉ោមមានកាបូអ៊ីដ្រាតខ្ពស់ ជាតិសរសៃ វីតាមីន C និងសារធាតុរ៉ែ ការញ៉ាំផ្លែប៉ោមគឺជាជម្រើសដ៏ល្អឥតខ្ចោះ (និងមានសុខភាពល្អ) ដើម្បីជួយអ្នកឱ្យមានថាមពលពេញមួយថ្ងៃ។
  • ស្ទីគ័រនៅលើផ្លែឈើគឺអាចបរិភោគបាន!

បើ​អ្នក​ញ៉ាំ​ផ្លែ​ប៉ោម​ហើយ​ភ្លេច​បកស្ទីគ័រ​ចេញនោះ ​មិនបាច់បារម្ភននោះទេ ពីព្រោះការទទួលទានស្ទីគ័រនឹងមិនសម្លាប់អ្នកទេ។ ស្ទីគ័រ​ដែល​ដាក់​លើ​ផ្លែ​ឈើគឺ​អាច​ញ៉ាំបាន ​ថ្វី​ត្បិត​តែ​មិន​អី​ប្រសិនបើអ្នកច្រឡំទទួលទានក៏​ដោយ មិន​មាន​ន័យ​ថា​អ្នក​គួរ​ញ៉ាំ​វា​ទេ។

តើមានការពិតប្លែកៗទាក់ទងនឹងអាហារផ្សេងទៀតដែល គួរឱ្យចាប់អារម្មណ៍ដែរអ្នកធ្លាប់ដឹង ហើយចង់ចំលែកដែរឬទេ? តោះចែករំលែកជាមួយពួកយើង ទាំងអស់គ្នា!

ប្រភេទការរស់នៅ អាហារសុខភាព

ញាក់សាច់! សូម្បីប្រហុកក៏អាចរកជាវនៅលើវេបសាយបានដែរ

ប្រហុក​គឺជា​ ត្រី​ដែល​ទុក​ឲ្យ​ហើម​សាច់ ហើយក្រលុក​លាយ​នឹង​អំបិល​ឲ្យ​ល្មម​ដល់​ការ ហើយ​ដាក់​ផ្អាប់​ក្នុង​ពាង​ទុក​ប្រកប​ការ​ជា​ម្ហូប​ផ្សេង​ៗ។ដើមឡើយប្រហុកគឺជា វិធីរក្សាត្រីដើម្បីទុកទទួលទានក្នុងកំឡុងខែដែលមិនមានត្រីស្រស់ផ្គត់ផ្គង់ច្រើន ដែលគេនិយម​ធ្វើ​ឡើង​ទៅ​តាម​រដូវ​កាល​មួយ​ឆ្នាំ​ម្តង​ចន្លោះ​ពី​ខែធ្នូ ​ដល់​ខែ​មីនា។ ហើយប្រហុកគឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងវិធីធ្វើម្ហូបរបស់ខ្មែរយើង ដែលមិនអាចខ្វះបាននោះទេ។

តួយ៉ាងប្រហុកធ្វើឡើងតាមរបៀបផ្សេងៗ តាមបែបផែននៃតំបន់នីមួយៗ ប៉ុន្តែសព្វថ្ងៃនេះប្រជាជនកម្ពុជាកាន់តែរវល់ ក៏ដូចជាកង្វះជំនាញនិង ស្ដង់ដារក្នុងការផលិត ផលិតផលសម្រេច ធ្វើអោយផលិតផលពាក់កណ្ដាលសម្រេចដូចជា ត្រីមួយភាគធំត្រូវបាននាំចេញទៅប្រទេសថៃដើម្បីធ្វើជាប្រហុក ហើយយើងបាននាំចូលមកវិញនៅផលិតផលសម្រេច។ នេះពិតជាធ្វើអោយប្រជាកសិករខ្មែរយើងជួបប្រទះនូវការលំបាក ដោយសារតែតម្លៃស្ថិតនៅលើមាត់ឈ្មួញ។

ប្រសិនបើបងប្អូនចង់គាំទ្រប្រហុកខ្មែរ ដែលមិនមែន ជាប្រហុកនាំចូល , មិនមានជាតិគីមី តើបងប្អូនអាចទៅរកជាវប្រហុកនៅទីណាបានទៅ?

ពោធិ៍សាត់គឺជា ខេត្តមួយដែលនៅជុំវិញបឹងទន្លេរសាប ដែលបងប្អូននៅទីនេះមួយចំនួនពឹងពាក់លើជំនាញនេសាទធ្វើជារបរប្រចាំថ្ងៃ។ ក្នុងនោះផងដែរ ពួកគាត់ក៏បានធ្វើប្រហុកដែល មានគុណភាពខ្ពស់ ហើយក៏មានលក់នៅលើម៉ុណុអុិចស្ព្រេសផងដែរ។ ចុចទីនេះដើម្បីមើល

ប្រភេទចំការ និង កសិកម្ម

​តិចអត់ដែលស្គាល់! បុព្វបុរសរបស់បន្លែទាំងនេះ ខុសគ្នាដាច់ពីពេលបច្ចុប្បន្ន

បន្លែបុរាណភាគច្រើនស្ទើរតែមិនអាចមើលស្គាល់ បើប្រៀបជាមួយនឹងរូបរាងរបស់ពួកវានាពេលសព្វថ្ងៃនេះ។ តួយ៉ាង ជីតារបស់ពោត មើលទៅគ្រាន់តែជាស្មៅមួយប្រភេទតែប៉ុណ្ណោះ ហើយបើនិយាយដល់ផ្លែត្រប់វិញ មើលទៅច្រើនដូចជា ស៊ុតដុះលើដើមដំបងយក្សដូចគ្នាពេលដែលយើងឃើញភ្លាមៗ។ តោះកុំអោយខាតពេលមកទស្សនាទាំងអស់គ្នា៖

១, ពោតសព្វថ្ងៃ​នេះ vs ពោតបុរាណ ( ស្មៅព្រៃហៅថា teosinte តេអូស៊ីនតេ )៖ ខ្សែស្រឡាយពោតគឺជាឧទាហរណ៍ដ៏ល្អបំផុតសម្រាប់របៀបធ្វើការប្រៀបធៀបជាមួយនឹងឆ្នាំនៃការបង្កាត់ពូជរបស់ពួកគេ។ teosinte មានតាំងពីក្នុងឆ្នាំ 7,000 មុនគ្រឹស្តសករាជ វាមានរសជាតិដូចដំឡូងឆៅ ស្ងួតខ្លាំង មានទំហំធំជាង19mm ហើយមានតែ 8ពូជដែលគេស្គាល់ប៉ុណ្ណោះ។ ហើយវាមានមូលដ្ឋាននៅតែនៅអាមេរិកកណ្តាលទេ ហើយមានគ្រាប់រឹងខ្លាំង។

២, ប៉េងប៉ោះ vs ប៉េងប៉ោះស្រោម៖ អ្នកប្រហែលជាដឹងថា ប៉េងប៉ោះ និងប៉េងប៉ោះស្រោមមានទំនាក់ទំនងគ្នា ប៉ុន្តែហ្វូស៊ីលដែលបានរកឃើញក្នុងឆ្នាំ 2017 បង្ហាញថា គ្រួសារនេះមានអាយុកាលយ៉ាងហោចណាស់ 52 លានឆ្នាំមកហើយ។

៣, ត្រប់ vs ត្រប់វែង៖ តាំងពីយូរយារណាស់មកហើយមុនពេលត្រប់មានរាងវែង ពួកវាមានរាងដូចស៊ុតមែនទែន ហើយសព្វថ្ងៃនេះពូជត្រប់ខ្លឺៗដូចស៊ុតនៅតែមានដដែល។ កំណត់ត្រាដំបូងបំផុតនៃត្រប់ ចេញមកពីអក្សរសិល្ប៍ចិនបុរាណដែលមានអាយុកាលប្រហែល 59 មុនគ.ស។

៥, ខាត់ណា ពន្លកស៊ែល ប្រូខូលី ខាត់ណាផា្ក ស្ពៃក្តោប និង kohlrabi សុទ្ធតែមានជីដូនជីតាតែមួយគឺ Brassica oleracea (ស្ពៃក្តោបព្រៃ) ។ វាដុះឡើងនៅទូទាំងមហាសមុទ្រអាត្លង់ទិករបស់អឺរ៉ុប នេះបើយោងតាម Biodiversity Explorer ។ ប្រហែល 2,500 ឆ្នាំមុន បន្លែនេះគឺជា បន្លែព្រៃទាំងស្រុង ( នេះបើយោងតាម Vox ) បន្ទាប់មក ប្រជាជនក្រិក និងរ៉ូម៉ាំងបុរាណបានចាប់ផ្តើមដាំវានៅក្នុងសួនច្បាររបស់ពួកគេ។

៦, ឪឡឹក vs ឪឡឹកបច្ចុប្បន្ន៖ គំនូរនៅសតវត្សរ៍ទី 17 ដោយ Giovanni Stanchi បង្ហាញផ្លែឪឡឹកក្នុងទម្រង់ខុសគ្នាទាំងស្រុងពីអ្វីដែលយើងធ្លាប់ស្គាល់។ ស្នាដៃសិល្បៈដែលត្រូវបានគូរនៅចន្លោះឆ្នាំ 1645 និង 1672 បង្ហាញអំពីផ្លែឪឡឹកដែលមានរាងជារង្វង់ដែលបង្កប់នៅក្នុងបំណែករាងត្រីកោណចំនួនប្រាំមួយ ព្រមទាំងគ្រាប់ធំៗ និងផ្នែកខាងក្នុងដែលគ្របដណ្ដប់ដោយសាច់ពណ៌ស ដែលពួកយើងភាគច្រើនចាត់ទុកថាមិនអាចបរិភោគបាននាពេលបច្ចុប្បន្ននេះ។

៧, ការ៉ុត vs ការ៉ុតបច្ចុប្បន្ន៖ ការ៉ុត​ធ្លាប់ជាបន្លែដែលមានរាង​ស្តើង​ដូចឫសឈេី ​ស្លឹកច្រើន និង​ផ្នែកដែលអាចទទួលទានបានគឺ​ឬស​របស់​វានោះឯង ហើយ​ភាគច្រើន​មាន​ពណ៌​ស្វាយ ស និង/ឬ​លឿង។ បុព្វបុរសរបស់ការ៉ុត​បានឆ្លងកាត់​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ មុនពេល​វា​ក្លាយ​មកជាពណ៌ទឹកក្រូចដូច ហើយមើលទៅគួរអោយចង់ទទួលទានដូចសព្វថ្ងៃនេះ។

ប្រភេទការរស់នៅ

“ស្តេចនំដូណាត់” ដើមហេតុដែលខ្មែរភាគច្រើនបើកហាងនំដូណាត់នៅសហរដ្ឋអាមេរិក

តើបងប្អូនទាំងអស់គ្នា​ធ្លាប់ឮគេនិយាយដែរឬទេថា ប្រជាជនខ្មែរដែលបានទៅការផ្លាស់ទីលំនៅទៅកាន់ប្រទេសអាមេរិក ភាគច្រើនធ្វើការក្នុងហាងលក់នំដូណាត់ ឬ ជាម្ចាស់ហាងដូណាត់តែម្ដង? ទាំងនេះកើតមកពីបុរសដែលមានមហិច្ឆិតាដ៏ធំមួយរូប លោកអុំ តឹក ង៉ូយ ដែលគេអោយរហ័សនាមគាត់ថា “ស្តេចនំដូណាត់”

លោកអុំ តឹក ង៉ូយ កើត​នៅ​ភូមិ​ខ្មែរ ក្រុង​សិរីសោភ័ណ ជាប់​ព្រំដែន​ប្រទេស​ថៃ។ គាត់ត្រូវបានចិញ្ចឹមបីបាច់ដោយម្តាយរបស់គាត់ ដែលមកពីខេត្ត សានទូ ខេត្ត ក្វាងទុង។ ហើយម្ដាយរបស់លោកអុំនិយាយតែភាសាចិនប៉ុណ្ណោះ ជាហេតុធ្វើអោយលោកអុំស្ទាត់ជំនាញក្នុងការនិយាយភាសារបរទេសច្រើនជាង ២ភាសា។

លោកអុំ តឹក ង៉ូយ រួមជាមួយនឹងភរិយា ព្រមទាំបុត្របីនាក់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជាក្នុងកំឡុង ការងើបឡើងនៃរបបខ្មែរក្រហម ដែលបានសម្លាប់មនុស្សប្រហែល 1,7 លាននាក់នៅចុងទសវត្សរ៍ឆ្នាំ 1970 ។ គាត់បានមកដល់អាមេរិកក្នុងឆ្នាំ 1975 មិនដល់មួយទសវត្សរ៍ក្រោយមក លោកតឹក ង៉ូយបានកែប្រែជីវភាពរបស់គាត់ អោយក្លាយជាមហាសេដ្ឋី ដែលមានបណ្តាញហាងនំដូណាត់ពាសពេញរដ្ឋកាលីហ្វ័រញ៉ា នឹងបានជួយ​ខ្មែរ​រាប់​ម៉ឺន​នាក់​ឲ្យ​មាន​ការងារ​ធ្វើ ​និង​ក្លាយ​ជា​ថៅកែ​ហាង​នំ​ដូ​ណាត់​រាប់​សិប​កន្លែង​នៅ​សហរដ្ឋអាមេរិក​។

​ ជាងនោះទៅទៀតលោក ក៏ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី ប្រធានាធិបតី​សហរដ្ឋ​អាមេរិកទី៤១ G.H.Bush​ សម្រាប់​ការ​ទទួល​បាន​ជោគជ័យ​ក្នុងអាជីវកម្ម​នៅ​អាមេរិកផងដែរ។

ខ្សែជីវិតរបស់លោកអុំ តឹក ង៉ូយ បានទាក់ទាញសារព័ត៌មានជាច្រើនមកកត់ត្រាទុក ដូចជា The LA Times, The Wall Street Journal, California Sunday និង The Phnom Penh Post ។ល។ លោកអុំក៏បានចងក្រង ជីវប្រវត្តិរបស់គាត់ទៅជាសៀវភៅដែលមានឈ្មោះថា៖ “The Donut King” ដែលអាចរកទិញបាននៅលើ Amazone.com ហើយក៏មានបកប្រែជាភាសារខ្មែរផងដែរគឺ៖ ”ស្ដេចនំដូណាត់” ដែលអាចរកទិញបានតាមបណ្ណាគារ ដូចជាវេបសាយលក់សៀវភៅនាៗដែលមាននៅក្នុងស្រុក។

ថ្មីៗនេះខ្សែជីវិតរបស់លោកអុំ ត្រូវបាន Alice Gu ជាអ្នកផលិតភាពយន្តជនជាតិចិន-អាមេរិក ដំបូងគេដែលបានប្រែក្លាយទៅជាភាពយន្តឯកសារ ដែលមានរយៈពេល 1 ម៉ោង 34 នាទី និយាយអំពីជីវិតរបស់លោកអុំ ដែលបរិយាយតាំងពីការ តស៊ូក្នុងជីវិត ការធ្លាក់ចុះដុនដាប និងរបៀបដែលលោកអុំរកឃើញផ្លូវត្រូវសម្រាប់ខ្លួនឯងវិញ ដែលអាចធ្វើការជាវទិញសម្រាប់ទស្សនាបាននៅលើ Amazon prime

សាច់រឿងរបស់លោក អ៊ុំ ពិតជាជំរុញទឹកចិត្ត និងបង្រៀនក្មេងៗជំនាន់ក្រោយ ក៏ដូចជាបងប្អូនជនរួមជាតិ ឲ្យមានស្មារតីភ្ញាក់រលឹក មានការតស៊ូក្នុងជីវិត ព្រមទាំងស្មារតីជួយខ្មែរផងដែរ។ ដូចគ្នានេះដែរគោលគំនិតក្នុងការជួយខ្មែរដូចគ្នាដែលលោកអ៊ុំបានធ្វើនេះ បានស្ដែងអោយឃើញអំពីគំនិតស្រដៀងគ្នា ដែលម៉ុណុអុិចស្ព្រេសបាននឹងកំពុងតែធ្វើ។

ម៉ុណុអុិចស្ព្រេសដែលជា ទីផ្សារអនឡាញដាក់លក់ផលិតផលក្នុងស្រុក បានកំពុងធ្វើការ​ជំរុញ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ពីសារ​សំខាន់ និង​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតផល​ជាតិ បង្កើត​ការងារ និង​ផ្ដល់​ប្រាក់​ចំណូល​ដល់​បងប្អូនកសិករខ្មែរអោយមានជីវភាពកាន់តែប្រសើរ ហើយពួកយើងសង្ឃឹមថា និន្នាការ​គាំទ្រ​ផលិតផល​ក្នុងស្រុក​មានការ​កើន​ឡើងក្នុងសំណាក់បងប្អូនខ្មែរ ពីព្រោះមានតែខ្មែរទេ ដែលអាចជួយខ្មែរបានច្រើនជាងគេ។

ទស្សនាវីដេអូឈុតខ្លីៗ៖

អត្ថបទកែសម្រួលពី: VOA , BBC news, គ្រឹះស្ថានបោះពុម្ពផ្សាយ សៀវភៅជីវិត

ប្រភេទការរស់នៅ

ធ្លាប់ទេ? ឃើញគេផុស ពេលទៅដល់នៅសល់តែចុងឈើ?

យូរណាស់មកហើយប្រទេសកម្ពុជាគឺជា ប្រទេសមួួយដែលពុំសូវមានការពេញនិយមទៅទស្សនាផ្ការីក ដូចប្រទេសដែលមាននិទាឃរដូវនោះទេ។ ទើបតែមួយរយ:ចុងក្រោយនេះ ប្រទេសយើងមានការរីកដុះដាលនូវសួនផ្កា ទាំងមិនគិតថ្លៃនឹងគិតថ្លៃ ធ្វើអោយប្រជាជនខ្មែរយើងមានការផ្លាស់ផ្ដូរ និយមទៅទស្សនាក៏ដូចជាថតរូបជាមួយនឹងផ្កាដ៏ស្រស់ស្អាតទាំងនោះ។ តែបញ្ហារចម្បងដែលនាងខ្ញុំតែងតែឃើញបងប្អូនយើងបង្ហោះពេលដែលទៅដល់នោះគឺ “សល់តែដើម អត់មានផ្កា”

ដើម្បីកុំអោយខាតជើង តោះមកមើលវិធីងាយៗដើម្បីងាយស្រួលក្នុងការទាយអោយដឹងថាផ្កានៅរីកឬក៏អត់?

១, ដឹងពីរដូវដែលផ្កានោះរីក ៖ ជាក់ស្តែងប្រទេសដែលយកផ្កាធ្វើជាសក្ដានុពលដើម្បី ទាក់ទាញភ្ងៀវទេសចរណ៍ក្នុងនឹងក្រៅប្រទេសអោយចូលមកទស្សនាដូចជាប្រទេស កូរ៉េ ជប៉ុន តែងតែធ្វើការទស្សទាយ៍ទុកជាមុនអំពី រយ:ពេលដែរផ្កាចាប់ផ្តើមរីក ហើយនឹងពេលដែលផ្ការីកស្អាតបំផុត ដើម្បីជូនដំនឹងដល់ភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងគោលបំណងអោយមកទស្សនា។ ដូចគ្នានេះ ដែរបងប្អូនទាំងអស់គ្នាអាចធ្វើការស្រាវជ្រាវទុកជាមុន ដើម្បីអោយដឹងអំពីរដូវដែលផ្កាណាមួយនឹងរីក។

២, ដឹងអំពីរយ:ពេលដែលផ្កានឹងរីកហើយរោយទៅវិញ៖ ផ្ការីកហើយតែងរោយ បងប្អូនមួុយចំនួនបានត្រឹមតែដឹងថាផ្កាបានរីកហើយ តែមិនបានចាប់អារម្មណ៍ថាពេលណាវានឹងរោយវិញនោះទេ ដែលជាហេតុធ្វើអោយខកខានក្នុងការទស្សនាផ្ការីក។ ជាក់ស្តែងផ្កាសាគូរ៉ា វដ្តនៃការរីករបស់វាមានត្រឹមតែ៧ថ្ងៃតែប៉ុណ្ណោះ ហើយក៏ផ្អែកទៅលើអាកាសធាតុផងដែរ។ ប្រសិនបើប៉ះចំអាកាសធាតុមានភ្លៀងធ្លាក់ កំឡុងពេលដែលផ្កាកំពុងរីក នោះវានឹងធ្វើអោយផ្ការោយលឿនជាងមុន។ ដូចគ្នានេះដែរផ្កាជម្ពូទេព ដែលកំពុងតែល្បីពេញបណ្ដាញសង្គម រីកស្អាតយ៉ាខ្លីបំផុតត្រឹមតែ ៧ថ្ងៃដូចគ្នា!

៣, កុំចាញ់បោកអ្នកផុសលើបណ្ដាញសង្គម៖ អ្នកដែលផុសលើបណ្ដាញសង្គមមិនមែនសុទ្ធតែថតភ្លាម ធ្វើការបង្ហោះភ្លាមនោះទេ។ ដូច្នះហើយ បងប្អូនត្រូវកត់សម្គាល់ដោយខ្លួនឯង ដើម្បីជៀសវៀងកុំអោយទៅដល់​ ឃើញអ្វីដែលមិនដូចរូបភាព។ មួុយវិញទៀតត្រូវកតត់សម្គាល់ពីថ្ងៃដែលគេបានផុសដូចគ្នា ពេលខ្លះខុសគ្នាតែ៧ថ្ងៃក៏អាចធ្វើអោយមាន ភាពខុសគ្នាខ្លាំងផងដែរ ( ដូចដែលបានបង្ហាញចំនុចទី២ )

ជាចុងក្រោយសម្រាប់បងប្អូនដែលខកខាន ពុំបានទស្សនាផ្កាជម្ពូទេពក៏ដូចជាផ្កាផ្សេងៗនៅឆ្នាំនេះ កុំភ្លេចធ្វើតាមវិធីទាំងនេះហើយត្រៀមម្តងទៀតឆ្នាំក្រោយ។ ហើយពេលទស្សនាកុំភ្លេចជួយថែរក្សារសណ្តាប់ធ្នាប់សង្គមដោយការ បោះចោលសំរាមក្នុងធុងសំរាមជាដើម។ល។ វិធីនេះផងដែរអាចប្រើប្រាស់បាន ប្រសិនបើបងប្អូនមានគំរោងទៅមើលផ្ការីកនៅបរទេស។

ប្រភេទការរស់នៅ

កូនខ្មែរមានមហិច្ឆតាខ្ពស់ ជួយកសិករក្នុងស្រុកតាមរយៈបច្ចេកវិទ្យាឌីជីថល

ជួបជាមួយលោក សេង ឧត្តម ( ហៅក្រៅ Jack ) ដែលសព្វថ្ងៃនេះលោកជាអ្នកគ្រប់គ្រងប្រតិបត្តិការនៅក្នុងម៉ុណុអុិចស្ព្រេស។

លោកបានប្រាប់អោយដឹងថាកាលពី១០ឆ្នាំមុន លោកក៏ធ្លាប់ជាអ្នកដាំដំណាំម្នាក់ នៅឯខេត្តកំពង់ធំ ទោះបីជាពេលវេលាខុសឆ្ងាយគ្នាយូរគួរសមមកហើយ តែលោកបានបង្ហាញកង្វល់ដែលតែងតែជាបញ្ហារប្រឈមចំពោះកសិករកម្ពុជានោះគឺ “កង្វះទីផ្សារក្នុងការលក់ផលដំណាំចេញ’’

លោកបាននិយាយថា៖ 

“ជាក់ស្តែងផលិតផលដែលប្រើប្រាស់សព្វថ្ងៃ ត្រូវបាននាំចូលពីប្រទេសជិតខាងក្នុងចំនួនដ៏ច្រើនលើសលប់។ ហើយបានគ្របដណ្តប់ទីផ្សារក្នុងស្រុក ដែលធ្វើអោយប្រជាជនខ្មែរយើងងាយស្រួលរកទិញ និងមានទំនោរប្រើប្រាស់ផលិតផលទាំងនោះ សម្រាប់ការរស់នៅរបស់ពួកគេ’’

ផងដែរលោកក៏បានបង្ហាញអំពីមូលហេតុដែលធ្វើអោយលោកចាប់អារម្មណ៍លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ( e-commerce )

“កាលនោះយើងពិបាករកទីផ្សារ ដោយសារយើងបានពឹងផ្អែកលើឈ្មួញកណ្តាលសឹងតែទាំងស្រុង។ ខ្ញុំក៏មានកូនចិត្តថា.. ប្រសិនបើយើងទាំងអស់គ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកមិនដឹងជាល្អយ៉ាងណា?? ពីព្រោះយើងក្លាយជាទីផ្សារដ៏ល្អមួយសម្រាប់កសិករក្នុងស្រុករបស់យើង ដោយមិនបាច់ពឹងពាក់ទៅលើអ្នកដ៏ទៃ។ នេះជាហេតុផលដែលខ្ញុំក្លាយជាអ្នកគ្រប់គ្រងប្រតិបត្តិការ នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ( e-commerce ) ដែលគាំទ្រ និងនាំចូលផលិតផល ពីកសិករក្នុងស្រុកមួយនេះ។”

ក្នុងសម័យបច្ចេកវិទ្យា មនុស្សសឹងតែ 83.72% ទៅហើយដែលមានទូរស័ព្ទនៅក្នុងដៃ ដូច្នេះក្រុមការងារក៏បានសុំអោយ លោក ឧត្តម បង្ហាញអំពីចំណុចពិសេសមួយចំនួនរបស់ម៉ុណុអុិចស្ព្រេស៖

” មិនដូចកម្មវិធីផ្សេងទៀត យើងផ្តោតលើការផ្សព្វផ្សាយកសិករ កសិផលក្នុងស្រុកតាមរយ:ប្រព័ន្ធឌីជីថល។ យើងជំរុញផលិតផលក្នុងស្រុករបស់យើងអោយកាន់តែជិត ទៅនឹងអ្នកប្រើប្រាស់តាមរយៈប្រព័ន្ធអេឡិចត្រូនិច” 

ហើយចំណុចដែលម៉ុណុអុិចស្ព្រេសខុសប្លែកពីគេនោះគឺ៖

  • នៅលើកម្មវិធីទូរស័ព្ទក៏ដូចជាគេហទំព័រ យើងអនុញ្ញាតអោយតែហាងក្នុងស្រុក និងទីផ្សារសហគមន៍ក្នុងស្រុកតែប៉ុណ្ណោះ ដែលអាចដាក់លក់បាន។
  • ម៉ុណុអុិចស្ព្រេសបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើជាមួយនិង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ( CACA ) លើការផ្គត់ផ្គង់ផលិតផលមកាន់ទីផ្សារអនឡាញរបស់យើង។

ជាចុងក្រោយលោកមានក្តីរំពឹងថា៖ “ រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ក៏ដូចជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុក នៅពេលដែលទីផ្សារក្នុងស្រុកមានស្ថេរភាព ធ្វើអោយបងប្អូនមានការងារធ្វើក្នុងស្រុក ដែលរួមចំណែកជួយកាត់បន្ថយបម្លាស់ដើម្បី ទៅស្វែងរកការងារធ្វើនៅប្រទេសជិតខាងផងដែរ។ ខ្ញុំ​សង្ឃឹម​ថា​យើង​ជាខ្មែរ យើងអាច​ជួយគាំទ្រគ្នាទៅវិញទៅមកអោយកាន់តែខ្លាំង។”

ប្រភេទការរស់នៅ អាហារសុខភាព

ជំងឺនៃការហូបមិនប្រក្រតី

តើអ្នក​ធ្លាប់​ដែរទេ? ពេល​ជួប​ជុំជាមួយញាតិមិត្តម្ដងៗគេតែងតែចោទសួរអ្នក​ថា  “ហេតុ​អ្វី​បាន​ជា​ស្គម​ម្ល៉េះ?” “ដូចស្រក់គីឡូ?” “ធាត់ម៉្លះ?”។ល។ សំនួរទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូរលំទូលាយនៅជុំវិញសង្គមរបស់យើង។ អ្នកសួរសំនួរអាចនឹងមានបំនងល្អ ប៉ុន្តែអ្នកដែលត្រូវបានគេសួរអាចមានអារម្មណ៍អាក់អន់ចិត្តចំពោះសំនួរទាំងនោះ ដោយសារតែពេលខ្លះយើងមិនចង់អោយរឿងទាំងនោះកើតឡើងទាល់តែសោះ។ បញ្ហារទាំងនេះអាចជាប់ទាក់ទងជាមួួយនឹងជំងឺមួយឈ្មោះថា ជំងឺនៃការហូបមិនប្រក្រតី ( Eating disorder )​។

ទម្លាប់នៃការទទួលទានអាហារ​មិន​ប្រក្រតី​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​ដល់ស្លាប់​ប្រសិនបើ​យើង​​មិន​បាន​យកចិត្តទុកដាក់ ។ដូច្នេះ​ថ្ងៃនេះយើងខ្ញុំចង់នាំអ្នកទាំងអស់គ្នា​មកទទួលដឹង ថាតើ​អ្វី​ទៅ​ជា​ជំងឺនៃការហូបមិនប្រក្រតី​​ទាំង​អស់​គ្នា។

អ្វី​ទៅ​ជា​ជំងឺនៃការហូបមិនប្រក្រតី?

ជំងឺនៃការហូបមិនប្រក្រតី គឺជាជំងឺផ្លូវចិត្តដែលកំណត់ដោយអាកប្បកិរិយាមិនប្រក្រតីនៃការទទួលទានអាហារ , របបអាហារ របស់មនុស្សម្នាក់ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវកាយ ឬផ្លូវចិត្តរបស់ពួកគេ។

តើជំងឺនៃការហូបមិនប្រក្រតីមាន​ប៉ុន្មាន​ប្រភេទ?

មានរោគវិនិច្ឆ័យនៃជំងឺនៃការហូបមិនប្រក្រតីដ៏ច្រើនប្រភេទទៀត ប៉ុន្តែប្រភេទជំងឺដែលត្រូវបានគេឮញឹកញាប់បំផុតចំនួនបីគឺ Anorexia Nervosa, Bulimia Nervosa, & Binge Eating Disorder។ ការស្វែងយល់ពីភាពខុសប្លែកគ្នាអំពីប្រភេទនៃជំងឺនិមួយៗ ក៏អាចជួយដល់ការព្យាបាលអោយឆាប់ទទួលបានការជាសះស្បើយឡើងវិញផងដែរ។

ប្រភេទទីមួុយ៖ Anorexia nervosa

Anorexia (an-o-REK-see-uh) nervosa – ជារឿយៗត្រូវបានគេហៅថា anorexia ( អាណូរិចស្សារ ) – ដែលកើតមកពីភាពការភ័យខ្លាចំពោះការឡើងទម្ងន់និង ការមិនពេញចិត្តចំពោះទម្ងន់ឬរូបរាងរបស់ខ្លួន ជាហេតុនាំអោយមានការបង្អត់អាហារដើម្បីសម្រក់ទំងន់ ធ្វើអោយទំងន់រាងកាយរបស់ពួកគេស្រាលខុសពីធម្មតា។ អ្នកដែលមានជំងឺប្រភេទនេះព្យាយាមយ៉ាងណាដើម្បីគ្រប់គ្រងទម្ងន់ និងរូបរាងរបស់ពួកគេតាមបៀបដូចជា បង្អត់កាឡូរី ការហាត់ប្រាណច្រើនជ្រុល ការប្រើប្រាស់ថ្នាំបញ្ចុះ ឬថ្នាំជំនួយរបបអាហារ ឬបង្ខំខ្លួនឯងអោយក្អួតចេញមកវិញបន្ទាប់ពីបរិភោគហើយជាដើម។ 

ប្រភេទទីពីរ៖ Bulimia nervosa

Bulimia (boo-LEE-me-uh) nervosa – ជាទូទៅគេហៅថា bulimia ( ប៊ូលីមែរ ) – ជំងឺប៊ូលីមែរ  វាត្រូវបានកំណត់ដោយការដែលអ្នកជំងឺ មិនអាចគ្រប់គ្រងការបរិភោគរបស់ពួកគេបាន (ហៅថា bingeing ៖ ការទទួលទានអាហារក្នុងបរិមាណច្រើនក្នុងរយៈពេលខ្លី) ។ មនុស្សជាច្រើនដែលមានជំងឺនេះ បានដាក់កម្រិតលើការទទួលទានរបស់ពួកគេក្នុងអំឡុងពេលថ្ងៃ ដែលជាហេតុនាំឱ្យមានការញ៉ាំច្រើនក្នុងអំឡុងពេលណាមួយក្រោយមកទៀត។ អ្នកជំងឺមានការព្រួយបារម្ភច្រើនជាមួយនឹងទម្ងន់ និងរូបរាងរបស់ពួកគេ ហើយបានដាក់សម្ពាធដល់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ទោះបីជាពួកគេមានទម្ងន់ធម្មតា ឬលើសទម្ងន់តែបន្តិចក៏ដោយ។ អ្នកដែលមានជំងឺនេះ ​ទទួលទាន​អាហារ​ក្នុង​បរិមាណ​ច្រើន​ក្នុង​រយៈពេល​ខ្លី ហើយ​បន្ទាប់មក​ព្យាយាម​កម្ចាត់​កាឡូរី​ដែល​ពួកគេបានបញ្ចូល តាមវិធី​ដែល​មានហានិភ័យខ្ពស់ ដោយគិតថាពួកគេ ”បានបង្កើតកំហុសក្នុងការញុំមួយទៀតហើយ” ។ អ្នកជំងឺភាពភ័យខ្លាចយ៉ាងខ្លាំងចំពោះការឡើងទម្ងន់ ហើយប្រើវិធីប្លែកៗមួួចំនួនដូចជា បង្ខំឱ្យខ្លួនឯងក្អួត , ធ្វើលំហាត់ប្រាណច្រើនពេក ឬប្រើវិធីផ្សេងទៀតដូចជាថ្នាំគីមី ដើម្បីកម្ចាត់កាឡូរីទាំងនោះ។

ប្រភេទទីបី៖  Binge-eating disorder

ផ្ទុយពីលេខ 2 បន្តិច, Binge-eating disorder ជាជំងឺ ហូបច្រើនជ្រុស។ ជំងឺនេះធ្វើឱ្យអ្នកមានអារម្មណ៍ថាចង់ទទួលទាន ទោះបីជាអ្នកមិនឃ្លានក៏ដោយ។ អ្នកអាចញ៉ាំលឿន ឬញ៉ាំអាហារច្រើនជាងការចង់បាន សូម្បីតែនៅពេលដែលអ្នកមិនឃ្លានក៏ដោយ ហើយអ្នកក៏អាចបន្តញ៉ាំបានយូរបន្ទាប់ពីអ្នកឆ្អែតក៏ដោយ។

អ្នកអាចនឹងគិតថាអ្នក “បានបង្កើតកំហុសក្នុងការញុំមួយទៀតហើយ” បន្ទាប់ពីទទួលទានច្រើនជ្រុល ប៉ុន្តែ​អ្នក​មិន​ព្យាយាម​ប៉ះប៉ូវ​សម្រាប់​កំហុល​នេះ​ជាមួយ​នឹង​ ការ​ធ្វើ​លំហាត់​ប្រាណ​ច្រើន​ហួស​ហេតុ ឬ​ការ​ប្រើប្រាស់ថ្នាំជំនួយ ដូចប្រភេទជំងឺដែលបានរៀបរាប់ខាងលើ​នោះ​ទេ ផ្ទុយទៅវិញអ្នក អ្នកតែង​តែ​​លួចញ៉ាំ​តែ​ម្នាក់​ឯង ដើម្បី​ជៀស​វាង​ពាក្យបង្អាប់ពី​អ្នក​ជិត​ខាង​ថា​អ្នក “ញ៉ាំ​ច្រើន​ពេក”។ 

ប្រភេទទីបួន៖Rumination disorder

ជំងឺ Rumination គឺកើតឡើងនៅពេលដែលអ្នកចង្អោរ ឬច្រាលចេញម្តងហើយម្តងទៀតនូវអាហារដែលបានបរិភោគ ហើយអាហារូបត្ថម្ភ​ត្រូវបានយកមកវិញដូចគ្នា។ ដែលការក្អួតឬច្រាលចេញមកវិញនេះ មិនមែនកើតឡើងដោយសារកត្តាភាពសុខភាព ឬបញ្ហានៃការទទួលទានផ្សេងទៀតនោះទេ។ ផងដែរជំងឺនេះអាចបណ្តាលឱ្យមានកង្វះអាហារូបត្ថម្ភ ប្រសិនបើអ្នកខ្ជាក់អាហារទាំងនោះចោល ឬប្រសិនបើអ្នកទទួលទានតិចជាងមុន ដើម្បីទប់កុំអោយមានការចង្អោរបន្ទាប់ពីការបរិភោគ។ ជំងឺនេះជាទូទៅចំពោះទារកឬមនុស្សដែលមានពិការភាពខាងសតិបញ្ញា។

ប្រភេទទីប្រាំ៖ ការជៀសវាង/ការរឹតត្បិតការទទួលទានអាហារ

ជំងឺនេះត្រូវបានកំណត់ដោយ ការមិនបំពេញតម្រូវការអាហាររូបត្ថម្ភប្រចាំថ្ងៃអប្បបរមារបស់អ្នក ពីព្រោះអ្នកមិនមានចំណាប់អារម្មណ៍ក្នុងការទទួលទាន (ញុំរើស)។ អ្នកដាច់ខាតមិនទទួលទានអាហារដែលមានលក្ខណៈជាក់លាក់ ដែលអ្នកមិនចូលចិត្តដូចជា ខុសពណ៌ ខុសរូបរាង ក្លិន ឬរសជាតិ។ល។ ឬអ្នកព្រួយបារម្ភអំពីផលវិបាកក្រោយពីការញាុំដូចជា ការភ័យខ្លាចនៃការថប់ដង្ហើម ខ្លាចឡើងទម្ងន់។ល។ ជំងឺនេះជាមូលហេតុយ៉ាងសំខាន់ ដែលអាចបណ្តាលឱ្យស្រកទម្ងន់ ឬបរាជ័យក្នុងការឡើងទម្ងន់ក្នុងវ័យកុមារភាព ក៏ដូចជាកង្វះអាហារូបត្ថម្ភដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាព។

អ្វី​ទៅ​ជា​រោគ​សញ្ញា​ជំងឺនៃការហូបមិនប្រក្រតី?

  • រោគ​សញ្ញា​ព្រមានផ្លូវ​អារម្មណ៍ និង​អាកប្បកិរិយា

រូបរាងកាយ ផ្លូវចិត្ត មុខងារ សុខភាពផ្លូវចិត្ត និងជម្រើស និងអាកប្បកិរិយារបស់យើង សុទ្ធតែមានទំនាក់ទំនងគ្នាយ៉ាងជ្រាលជ្រៅ និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ខាង​ក្រោម​នេះ​គឺ​ជា​រោគ​សញ្ញា​ផ្លូវ​អារម្មណ៍ និង​អាកប្បកិរិយា​មួយ​ចំនួន​ដែល​អាច​បង្ហាញ​ថា​បុគ្គល​ម្នាក់​កំពុង​មានជំងឺនេះ។

* ជំនឿ/ជម្រើស ដែលបង្ហាញពីការផ្តោតអារម្មណ៍ខ្លាំងលើការសម្រកទម្ងន់។

* អារម្មណ៍ប្រែប្រួលខ្លាំង។

* ពិនិត្យខ្លួនឯងក្នុងកញ្ចក់ញឹកញាប់។

* ដកខ្លួនពីអ្នកដ៏ទៃ ការថយចុះទំនាក់ទំនងសង្គម ជាពិសេសនៅពេលមានការទទួលទានអាហារជុំគ្នា។

* បង្ហាញពីការផ្តោតសំខាន់លើទម្ងន់ អាហារ កាឡូរី ។

* បរិភោគតែម្នាក់ឯង ឬលាក់អាហារ។

* មិនខ្វល់ពីការទទួលទានអាហារ។

* ការភ័យខ្លាចយ៉ាងខ្លាំងនៃការឡើងទម្ងន់។

* រូបរាង្គកាយផ្លាល់ប្តូរទៅរក ភាពអវិជ្ជមាន ( ស្គមជ្រុល , ធាត់ខ្លាំង )

* ដំណើរការគិតបែបវង្វេងៗ ហើយបង្ហាញពីការខ្វះខាតនៃសមម្ថភាពនៃការផ្តោតអារម្មណ៍។

រោគ​សញ្ញា​ព្រមាន​ខាង​រាងកាយ​

ខួរក្បាល និងរាងកាយដែលស្រេកឃ្លានមិនអាចដំណើរការបានល្អនោះទេ។ ដូច្នេះហើយ បុគ្គលដែលមានបញ្ហាក្នុងការញ៉ាំអាហារ នឹងបង្ហាញសញ្ញារាងកាយខាងក្រោម យ៉ាងហោចណាស់ខ្លះ បើមិនទាំងអស់ទេ៖

* ការប្រែប្រួលទម្ងន់ (ទាំងឡើង និងចុះ) ដែលកើតឡើងយ៉ាងឆាប់រហ័ស។

* ទល់លាមកធ្ងន់ធ្ងរ។

* សម្ពាធ​ឈាម​ទាប។

* ការដកដង្ហើម និងជីពចរយឺត។

* ភាពល្ហិតល្ហៃ ភាពយឺតយ៉ាវ ឬរបាយការណ៍ជាប់លាប់នៃអារម្មណ៍នឿយហត់។

*សក់និងក្រចកផុយ។

* ស្បែកស្ងួត លឿង។

* ការបាត់បង់វដ្តរដូវ (amenorrhea) ។

* បញ្ហាក្រពះ / ពោះវៀន។

* វិលមុខ / ដួលសន្លប់ ។

* ខ្សោយសាច់ដុំ។

* មុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយ។

តើអ្វីបណ្តាលឱ្យមានបញ្ហានៃការញ៉ាំ?

មូលហេតុ​ពិតប្រាកដ​នៃ​ការ​ញ៉ាំ​អាហារ​មិន​ប្រក្រតី​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។ ដូចទៅនឹងជំងឺផ្លូវចិត្តផ្សេងទៀតដែរ វាអាចមានមូលហេតុជាច្រើនដូចជា៖

* ហ្សែន៖ មនុស្សមួយចំនួនអាចមានហ្សែនដែលបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺនៃការញ៉ាំ។ កត្តាជីវសាស្រ្តដូចជាការផ្លាស់ប្តូរសារធាតុគីមីក្នុងខួរក្បាលក៏អាចដើរតួក្នុងការរំខានដល់ការញ៉ាំដូចគ្នា។

* សុខភាពផ្លូវចិត្ត និងផ្លូវចិត្ត៖ អ្នក​ដែល​មាន​បញ្ហា​ការ​ញ៉ាំ​អាច​នឹង​មាន​បញ្ហា​ផ្លូវចិត្តនិង ផ្លូវ​អារម្មណ៍ដែល​រួម​ចំណែក​ដល់​ជំងឺ​នេះដូចគ្នា។ ពួកគេអាចស្ថិតក្នុងស្ថានភាពដែលខ្វះទំនុកចិត្ត ខ្វះភាពល្អឥតខ្ចោះ ទំនាក់ទំនងមិនល្អ ឬពួកគេមានអាកប្បកិរិយាអន្ទះអន្ទែង។

បកប្រែពី health.com, ប្រភពដើមដែលសរសេរដោយ Alina Petre, MS, RD (NL) នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2019 — ពិនិត្យដោយវេជ្ជសាស្ត្រដោយ Timothy J. Legg, PhD, PsyD

ប្រភេទការរស់នៅ

​របៀបប្លែកៗ​ដែលប្រទេស​ខុសៗ​គ្នា​ទាំងនេះ ប្រារព្ធ​បុណ្យនៃ​សេចក្ដី​ស្រឡាញ់

សប្តាហ៍ក្រោយ​គឺ​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ដែល​ប្រជាជន​ខ្មែរ​និយម​ហៅ​ថា “​បុណ្យ​សង្សារ”។ទោះបីជាបុណ្យនេះមិនមែនជាថ្ងៃបុណ្យប្រពៃណីរបស់ប្រទេសកម្ពុជាយើងក៏ដោយក៏ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងបែបមិនផ្លូវការនៅក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញពីក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកដូចជាឪពុកម្តាយក្រុមគ្រួសារមិត្តភក្តិនិងគូស្នេហ៍ជាដើម។

ទិវានៃក្តីស្រលាញ់ជុំវិញពិភពលោកត្រូវបានប្រារព្ធក្នុងក្នុងឈ្មោះលោក Saint Valentine ( សេនត៍វ៉ាលេនថាយ) ប៉ុន្តែតើនរណាជាវ៉ាលេនថាយដ៏អាថ៌កំបាំងនេះ ហើយហេតុអ្វីបានជាពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមជុំវិញពិភពលោកបែបនេះ?

ទោះបីជាការពិតនៅពីក្រោយពិធីបុណ្យនេះមានភាពស្រពិចស្រពិលក៏ដោយនិងមានការពន្យល់ទ្រឹស្តីខុសៗគ្នាជាច្រើនក៏ដោយថ្ងៃនេះយើងនឹងបកស្រាយផ្នែកមួយទៀតនៃរឿងដែលអ្នកប្រហែលជាមិនធ្លាប់ដឹង។ 

និទាន​រឿង​បានដំណើរ​ថាវ៉ាលេនថាយគឺជា​គ្រូគង្វាល​ដែល​បម្រើ​ក្នុង​អំឡុង​សតវត្ស​ទី៣នៅ​ទីក្រុង​រ៉ូម។នៅពេលនោះផងដែរអធិរាជក្លូឌីសទី២ (Claudius II) ទ្រង់ញាណហើយបានប្រកាសថា “បុរសនៅលីវអាចក្លាយជាទាហានខ្លាំងជាងអ្នកដែលមានគ្រួសារនិងប្រពន្ធ” ដូច្នេះហើយទ្រង់បានហាមប្រាមពិធីមង្គលការទាំងអស់សម្រាប់ទាហានវ័យក្មេងមិនឱ្យរៀបការឡើយ។

វ៉ាលេនថាយបានប្រឆាំងនឹងភាពអយុត្តិធម៌ចំពោះបុរសវ័យក្មេងទាំងនោះហើយបានចាប់ផ្តើមលួចអោយពរអាពាហ៍ពិពាហ៍យ៉ាងសម្ងាត់ទៅដល់គូស្នេហ៍វ័យក្មេងដែលមានបំណងរៀបការ។នៅពេលដែលព្រះចៅអធិរាជបានដឹងអំពីសកម្មភាពរបស់វ៉ាលេនថាយ ទ្រង់ក៏បានចេញរាជបញ្ជាឱ្យប្រហារជីវិតវ៉ាលេនថាយ។វ៉ាលេនថាយបានក្លាយជានិមិត្តរូបនៃក្តីស្រលាញ់ដ៏ពេញនិយមយ៉ាងខ្លាំងដែលគូស្នេហ៍នៅទូទាំងពិភពលោកបានចាប់ផ្តើមប្រារព្ធទិវានៃក្តីស្រឡាញ់ជាដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។

មានទ្រឹស្តីជាច្រើនអំពីរបៀបដែលទិវានៃក្តីស្រលាញ់ត្រូវបានបង្កើតឡើងដូច្នេះតើអ្នកធ្លាប់ឆ្ងល់ទេថាតើមនុស្សមកពីកន្លែងផ្សេងៗគ្នាជុំវិញពិភពលោកប្រារព្ធទិវានៃក្តីស្រឡាញ់យ៉ាងដូចម្តេច?

ទំនៀមទំលាប់នាពេលបច្ចុប្បន្ននេះមានភាពខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយដែលខាងក្រោមនេះគឺជាការសង្ខេបអំពីប្រពៃណីផ្សេងៗនៃការបង្ហាញក្តីស្រឡាញ់នៃប្រទេសនាៗជុំវិញពិភពលោក៖

កូរ៉េខាងត្បូងនិងជប៉ុន – ស្ត្រីគឺជាអ្នកអោយការដូរ

នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ស្ត្រីគឺជាអ្នកទិញសូកូឡាឱ្យបុរសជាដៃគូសមាជិកគ្រួសារនិងមិត្តរួមការងារជានិមិត្តសញ្ញានៃក្តីស្រលាញ់និងការដឹងគុណ។ប៉ុន្តែ​កុំ​បារម្ភ​នារី​ៗក្តី​ស្រលាញ់​ទាំង​អស់​នឹង​ត្រលប់​មក​វិញ​មួយ​ខែ​ក្រោយពីព្រោះនៅថ្ងៃទី 14 ខែមីនាដែលគេស្គាល់ថាជា ថ្ងៃពណ៌ស ( White Day ) បុរសៗនឹងរៀបចំនំខេកស្ករគ្រាប់និងផ្កាហើយប្រគល់ឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេវិញ។

នៅប្រទេសកូរ៉េក៏មានថ្ងៃមួយទៀតហៅថាថ្ងៃពណ៌ខ្មៅ ( Black day ) ប្រារព្ធនៅថ្ងៃទី 14 ខែមេសាដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នក ‘’នៅលីវ’’។នៅថ្ងៃនោះអ្នកនៅលីវដែលមិនទាន់បានទទួលកាដូទាំងពីរថ្ងៃប្រមូលផ្ដុំគ្នាស្លៀកពាក់ខ្មៅដើម្បីញ៉ាំអាហារដែលមានពណ៌ខ្មៅជាពិសេសគឺមីខ្មៅ ( jajangmyeon )។

ហ្វាំងឡង់ – អបអរសាទរមិត្តភាព

សូមនែនាំប្រទេសនេះសម្រាប់អ្នកដែល “ម្នាក់ឯងមិនស្លាប់ទេ” ហ្វាំងឡង់គឺជាកន្លែងដែលសាកសមជាមួួយនិងអ្នកជាងគេក្នុងថ្ងៃនៃក្តីស្រលាញ់។អ្នកមិនចាំបាច់ព្រួយបារម្ភអំពីអារម្មណ៍ឯការគ្នានអ្នកយល់ចិត្តនោះទេក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ព្រោះនៅប្រទេសហ្វាំងឡង់ថ្ងៃនេះវាជាថ្ងៃប្រារព្ធពិធីជាមួយមិត្តភក្តិរបស់អ្នក។ថ្ងែនោះត្រូវបានគេហៅម្យ៉ាងទៀតថា ‘Friend’s Day’ ជាក្នុងភាសាហ្វាំងឡង់មិនមែនថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះទេ។ចំពោះផ្កាផ្លូវការដែលគេនិយមអោយនោះគឺផ្កាកុលាបពណ៌ផ្កាឈូកប៉ុន្តែមិត្តរួមការងារពួកគេក៏រីករាយក្នុងការទទួលអំណោយជាកាតជូនពរឬស្ករគ្រាប់ផងដែរ។

ហ្គាណា – ទិវាសូកូឡាជាតិ

នៅប្រទេសហ្គាណាថ្ងៃទី 14 ខែកុម្ភៈត្រូវបានប្រារព្ធជា “ទិវាសូកូឡាជាតិ” ។ ​រដ្ឋាភិបាល​ហ្គាណា​បានចាប់ផ្ដើម​ធ្វើ​ឡើងក្នុង​ឆ្នាំ២០០៧ដើម្បី​បង្កើន​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស។ហើយគួបញ្ជាក់ផងដែរថាហ្គាណាគឺជាប្រទេសដែលផលិតកាកាវធំជាងគេក្នុងពិភពលោក។នៅថ្ងៃទី 14 ខែកុម្ភៈអ្នកអាចចូលរួមការសម្តែងព្រឹត្តិការណ៍តន្ត្រីនិងអាហារដែលមានម៉ឺនុយពិសេសៗផងដែរ។

ប៊ុលហ្គារី – ទិវាអ្នកផលិតស្រា

ដូចប្រទេសផ្សេងទៀតដែលបានរៀបរាប់ខាងលើដែរ ប៊ុលហ្គារីប្រារព្ធទិវានៃក្តីស្រឡាញ់ក្នុងបែបបទផ្ទាល់ខ្លួនរបស់ពួកគេ។ នៅថ្ងៃទី 14 ខែកុម្ភៈ សានទីហ្វុនហ្សាតា ( San Trifon Zartan ) ត្រូវបានប្រារព្ធនៅក្នុងប្រទេសប៊ុលហ្គារីដែលមានន័យថា “ថ្ងៃនៃអ្នកផលិតស្រា” ។ គូស្វាមីភរិយាវ័យក្មេង និងចាស់ជរាអបអរស្នេហារបស់ពួកគេជាមួយនឹងកែវស្រាដែលផលិតក្នុងស្រុកដ៏អស្ចារ្យ។

អេស្តូនី – ពិធីបុណ្យសម្រាប់មនុស្សគ្រប់គ្នា

ប្រទេសអេស្តូនី ជារដ្ឋអធិបតេយ្យមួយដែលស្ថិតនៅក្នុងតំបន់សមុទ្របាល់ទិច អឺរ៉ុបខាងជើង។ នៅថ្ងៃទី 14 ខែកុម្ភៈ អេស្តូនីប្រារព្ធទិវាមិត្តភាពដែលគេស្គាល់ថា “Sobrapaev” ។ ពិធីបុណ្យដ៏អស្ចារ្យនេះរួមបញ្ចូលមនុស្សគ្រប់រូប គ្រប់វ័យ ចាប់តាំងពីគូស្នេហ៍ រហូតដល់អ្នកនៅលីវ។ ដូច្នេះ​មិន​ត្រឹម​តែ​គូស្នេហ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាជិក​គ្រួសារ និង​មិត្តភ័ក្តិ​ក៏​ផ្លាស់​ប្តូរ​អំណោយ និង​អបអរ​សេចក្តី​ស្រឡាញ់​ផង​ដែរ។

ប្រភេទការរស់នៅ

អត្ថន័យនៃអាហារប្រពៃណីសម្រាប់ចូលឆ្នាំចិនទាំង 5

ចូលឆ្នាំចិនកាន់តែគៀកខិតជិតមកដល់ បងប្អូនខ្សែរស្រឡាយខ្មែរ-ចិន យើងមួយចំនួនបានកំពុងរៀបចំខ្លួនដើម្បីទទួលឆ្នាំថ្មី។ ឆ្នាំថ្មីដែលគេស្គាល់ថាជាពិធីបុណ្យនិទាឃរដូវនិងបុណ្យចូលឆ្នាំថ្មី ជាឱដ៏ល្អមួយក្នុងការជួបជុំបងប្អូនដើម្បីចំនាយពេលដ៏មានតម្លៃជាមួយគ្នា។ ក្នុងនោះផងដែរម្ហូបអាហារពិសេសត្រូវបានដាក់សែនក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលម្ហូបទាំងនោះតំណាងឱ្យសំណាងល្អនិងជួយក្នុងការលើករាសីផងដែរ។ ជំនឿក្នុងការសែនម្ហូបអាហារទាំងនេះគឺ ភាគច្រើនយោងទៅតាមការបញ្ចេញសំឡេង ឬភាពស្រដៀងគ្នាដែលប្រជាជនចិនបានមើលឃើញ។

ដូច្នេះថ្ងៃនេះ យើងនឹងណែនាំអ្នកពីអត្ថន័យនៃអាហារប្រពៃណីសម្រាប់ចូលឆ្នាំចិនទាំង 5៖

1, នំគាវ ( 饺子 Jiǎo zi )

គាវមានរាងដូច 元宝 yuán bǎo (រូបិយប័ណ្ណចិនបុរាណ) ដូច្នេះការទទួលទានគាវ គឺតំណាងឱ្យទ្រព្យសម្បត្តិ។ ពាក្យចាស់ពោលថា ចំនួនគាវដែលអ្នកបរិភោគក្នុងឱកាសចូលឆ្នាំចិន អាចស្ដែងអោយឃើញពីចំនួនទឹកប្រាក់ដែលអ្នកនឹងរកបានក្នុងឆ្នាំខាងមុខ ដូច្នេះគេជឿជាក់ថា ការទទួលទានកាន់តែច្រើនកាន់តែល្អ។

មិនត្រឹមតែ​ឆ្ងាញ់ទេ ថែមទាំងទទួលបាន​លាភ​សំណាង​ក្នុង​ឆ្នាំ​ក្រោយទៀត!

2, ត្រីទាំងមូល (鱼 Yu)

ត្រីទាំងមូល ទាំងក្បាល ទាំងឆ្អឹង ទាំងអស់!

នៅក្នុងភាសាចិនកុកងឺ ពាក្យត្រី = 鱼 (yú) ស្តាប់ទៅស្រដៀងនឹង ពាក្យបរិបូរណ៍ ឬ​ ពាក្យ នៅសេសសល់ 余 (yú) ។ ប្រជាជនចិនតែងតែចង់អោយមានអ្វីមួយនៅសេសសល់នៅចុងឆ្នាំ មិនថាលុយកាក់ ឬអាហារនោះទេ។ ដោយសារ​តែ​ពួកគេ​គិត​ថា​ប្រសិន​បើ​ពួកគេ​សន្សំ​បាន​អ្វី​មួយ​នៅ​ចុង​ឆ្នាំ នោះ​ពួកគេ​នឹង​អាច​រក​បាន​ច្រើន​ជាងនឹងទៀត​ក្នុង​ឆ្នាំ​បន្ទាប់។

ក្នុងនោះផងដែរក្បាល​ត្រីចាត់ទុកថាជាការ តំណាង​ឱ្យ​ការ​ចាប់​ផ្តើម​ឆ្នាំ​ដ៏​ល្អ ហើយ​កន្ទុយត្រី​តំណាង​ឱ្យការជៀសផុតសំណាង​អាក្រក់​ពេញ​មួយ​ឆ្នាំ។

3, មាន់ទាំងមូល

ជាធម្មតាគេនិយមសែនមាន់ទាំងមូល ដើម្បីតំណាងឱ្យការរួបរួមក្នុងគ្រួសារ។ ដូច​ត្រី​ដែរ សាច់​មាន់​ត្រូវបានសែនទាំងមូលដោយ​ទុកទាំងក្បាល និង​ជើង​ឱនៅ​ដដែល។ ក្នុង​គ្រួសារ​ខ្លះនិយមទុកជើង​មាន់​​សម្រាប់​អ្នក​រក​ស៊ី​ក្នុង​គ្រួសារដោយគេជឿថា ជើងមាន់អាច​ជួយ​ឱ្យ​ពួកគេ​ដណ្តើម​យក លាភសំណាងនឹង​ទ្រព្យសម្បត្តិ។ មាន់ត្រូវបានគ្រួសារខ្សែរស្រឡាយចិន និយមសែនថ្វាយមាន់ដល់បុព្វការីជនដែលបានចែកឋានទៅ ដើម្បីទទួលបានពរជ័យនិងការការពារពីសំណាងអាក្រក់ផ្សេងៗទៀតផងដែរ។

4, នំអុី (汤圆 Tāng yuán)

បង្អែម​ចិន​ដែលពុំអាចបាត់មុខបានក្នុង​ពិធី​ចូល​ឆ្នាំ​ចិន​គឺ នំអុី (汤圆 tāng yuán)។ នំអុីសំខាន់សម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ពីព្រោះឈ្មោះរបស់វាស្តាប់ទៅស្រដៀងនឹងពាក្យ 团圆 (túanyúan) ដែលមានន័យថា “ការជួបជុំគ្នា” ឬ “ការរួមគ្នា”។ នំអុីមានប្រជាប្រិយភាពខ្លាំង នៅភាគខាងត្បូងប្រទេសចិន។

នំអុី ធ្វើឡើងដោយការសូនម្សៅអង្ករដំណើបអោយមានរាងមូល និងដាក់ស្ងោរក្នុងទឹកដែលកំពុងពុះ។ តាមប្រពៃណីចិន ស្នូលរបស់នំអុីភាគច្រើនគេនិយមប្រើប្រាស់ដោយល្ងខ្មៅ សណ្តែកក្រហម ឬសណ្តែកដី។

5, នំជាល (年糕 Nián gāo)

ពាក្យចិនសម្រាប់នំជាល ប្រកបដូចគ្នាជាមួុយនឹងពាក្យ “ឆ្នាំខ្ពស់” ។

  • “នៀន” (年 nián) មានន័យថា “ឆ្នាំ”
  • “កៅ” (糕 gāo) ស្តាប់ទៅដូចពាក្យ 高 gāo មានន័យថា “ខ្ពស់”

ការ​ទទួល​ទាននំជាលនៅ​ដើម​ឆ្នាំ​តំណាង​ឱ្យ​ការ​សម្រេច​បាន​ គោល​ដៅខ្ពស់​ក្នុង​ឆ្នាំ​ខាង​មុខ (年年高升 = កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ)។  វាត្រូវបានគេនិយមបរិភោគនៅថ្ងៃដំបូងនៃឆ្នាំដើម្បីនាំមកនូវសុខភាពល្អ ទ្រព្យសម្បត្តិ និងសុភមង្គល។